ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រោយពីឃាត់ខ្លួនក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចតារាងបាល់ទាត់ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាមួយនឹងការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម
-ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-5620)
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ)
-កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថាក្រោយពីឃាត់ខ្លួន ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ដោយខ្លួនបើកម៉ូតូកង់បី លក់ទឹកភេសជ្ជៈតាមផ្លូវ ហើយបានបន្លំលក់គ្រឿងញៀន នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕