បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូប្រកបដោយលក្ខណៈសម្បត្តិ ៣ យ៉ាងគឺ៖
-ទី១.ក្តីសង្ឃឹម គឺមិនអង្គុយបន់ព្រះរង់ចាំសេចក្តីស្លាប់ពីរបបប៉ុលពតឡើយ
-ទី២.មានការតស៊ូជម្នះរាល់ឧបសគ្គដើម្បីបុព្វហេតុជាតិ និងប្រជាជន
-ទី៣.មានចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការរំដោះប្រទេសជាតិ, ស្តារកសាងជាតិ, ការពារជាតិ និងអភិវឌ្ឍជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង គឺកើតឡើងដោយសារការលះបង់ និងវីរភាពរបស់យុវជនជំនាន់មុន ហើយក៏ជាថ្នាក់ដឹកនាំបច្ចុប្បន្នផងដែរ ៕