បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ បានបង្កើតឱកាសគ្រប់យ៉ាងឱ្យយើងដូចថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងការពារសមិទ្ធផលទាំងកុំឱ្យបាត់បង់ ព្រមទាំងជំរុញសមិទ្ធផលវិជ្ជមានឱ្យច្រើនឡើងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់បងប្អូនសមាជិកសហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព ៕