ព្រឹកនេះ គ.ជ.ប ចាប់ឆ្នោតកំណត់លេខរៀង បក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សម្រាប់ការចាប់សន្លឹកឆ្នោត បានប្រព្រឹត្តិធ្វើឡើងក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។
សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកល លើកដំបូងបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបាននិមិត្តឡើងនៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ រៀងរាល់៥ឆ្នាំម្តង។ គិតមកឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៧លើកមកហើយ។
អាណត្តិទី១៖ គឺបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣
អាណត្តិទី២៖ បោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
អាណត្តិទី៣៖ បោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣
អាណត្តិទី៤៖ បោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨
អាណត្តិទី៥៖ បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អាណត្តិទី៦៖ បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ការរៀបចំបោះឆ្នោតអាណត្តិទី៧ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕