កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម រយៈពេល២ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៨២នាក់ (ស្រី៤២នាក់) ។
មានប្រសាសន៍ក្នុងឱកាសបើកវគ្គនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ប្រកបដោយក្តីនឹករលឹក ។
លោកបានជម្រាបពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមទៀតទៅលេីការងារសុវត្ថិភាពចរាចរណ៍ផ្លវគោក ក្នុងន័យស្វែងយល់បន្ថែមអំពីច្បាប់ចរាចរណ៍ថ្មី ផ្លាកសញ្ញាចរាចរណ៍ គំនូរសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាមួយដ៏មានសារប្រយោជន៍អាចជួយជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យឬភ្នាក់ងារសង្គ្រោះមកដល់ ក្នុងនោះបានផ្តោតទៅលើប្រធានបទបទសំខាន់ៗដូចជា សន្លប់បាត់បង់ស្មារតី សភាពស្ហុក ការដាក់ដំណេកសុវត្ថិភាព ការហូរឈាម ការបាក់ឆ្អឹង និងស្លាក់ជាដើម។ល។
មុននឹងប្រកាសបើកវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះរួចហេីយ សិក្ខាកាមទាំងអស់នឹងក្លាយជាជនបង្គោលដែលពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ និងផ្សព្វផ្សាយបន្ត សំដៅបំពេញកិច្ចការងារមនុស្សធម៌របស់យេីងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕