អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងការណែនាំចុះធ្វើសវនកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងការណែនាំដល់ប្រធានគណៈប្រតិភូ ក្នុងការចុះធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នាពេលខាងមុខនេះ ក្រោមអធិតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋានទាំង៤ចំណុះ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា ការរៀបចំបទបញ្ជាផ្ទៃក្នុង នៃអគ្គនាយកដ្ឋាន គឺធ្វើឡើងស្របតាមការវិវត្តន៍ស្ថានភាពថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ ការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង គឺដើម្បីពង្រឹងប្រសិទ្ធភាព និងវឌ្ឍនភាពការងាររបស់អង្គភាព ជាពិសេសការគោរពប្រតិបត្តិការងារ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីលើកកម្កើងកិត្តិយស និងភាពថ្លៃថ្នូររបស់មន្រ្តី។
ឯកឧត្តម បានអនុញ្ញាតឱ្យនាយកដ្ឋានទាំង៤ បន្តធ្វើការផ្សព្វផ្សាយជូនដល់មន្រ្តីនៅក្នុងអង្គភាពសាមី និងត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់ស្របតាមខ្លឹមសារនៅក្នុងបទបញ្ជាផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនជូនឯកឧត្តម លោកប្រធានគណៈប្រតិភូគ្រប់គោលដៅ ដែលត្រូវចុះធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ដូចខាងក្រោម
-បន្តធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការងារសវនកម្ម
-យកចិត្តទុកដាក់ និងខិតខំពិនិត្យមើលចំណុចខ្វះខាតផ្សេងៗទៀតរបស់សវនដ្ឋាន
-រៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈប្រតិភូ ដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកា ព្រមទាំងរៀបចំផែនការចុះធ្វើសវនកម្មតាមគោលដៅ
-សម្របសម្រួលជាមួយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ដើម្បីរៀបចំកិច្ចប្រជុំបើកការងារសវនកម្មនៅតាមបណ្តាភូមិភាគ ទទួលបន្ទុក៕