អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវរួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវរួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ លើកទី១២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាយឧត្តមសេនីយ៍បានដាក់បទបញ្ជាបែបនេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅខណៈនាយឧត្តមសេនីយ៍និង នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសន្តិសុខសុវត្ថិភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការឧបសម្ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយសង្ឃឹមថា កម្លាំងគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ របស់យើងសហការគ្នាកាន់តែល្អ កាន់តែរឹងមាំ ជាពិសេសក្លាយជាកម្លាំងមួយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពព្រឹត្តការណ៍កីឡាស៊ីហ្គេម ទទួលបានជោគជ័យទាំងស្រុងក្នុងពេលកន្លងមកបានបង្ហាញពីមោទនភាពជាតិ ប្រជាប្រិយភាព និងបានបង្ហាញពីកម្លាំងពិតរបស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនោះ ក៏បានលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិទាំងមូលទាំងក្នុងតំបន់ និងអន្តរជាតិ។
ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំស្ថាប័នដទៃទៀតបានឯកភាពទាំងស្រុងចំពោះផែនការដែលបានគូសបញ្ជាក់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ហើយក៏បានលើកឡើងនូវយោបល់មួយចំនួនបន្ថែមទៀត ដោយចាត់ទុកថាជាចំណុចសំខាន់ដើម្បីចូលរួមចំណែករក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ដ្រមួយនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីភាពជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជូនកងកម្លាំងមានសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តពេលវេលារួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម កន្លងទៅទទួលបានភាពជោគជ័យ។
ជាមួយនឹងភាពជោគជ័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានលើកយកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនយកមករួមគ្នាពិនិត្យដោះស្រាយដើម្បីធ្វើឱ្យកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ រឹតតែទទួលបានភាពជោគជ័យបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់អំពីការយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ ជាពិសេពង្រឹងឱ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម និងទីតាំងប្រកួតត្រូវតែធានាឱ្យបានដាច់ខាតនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ASEAN PARA GAMES ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕