សម្តេចតេជោ ហ៊ុន សែន សម្រេចជួយសាងសង់អគារស្នាក់នៅ សម្រាប់និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។
ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ នាថ្ងៃទី៣០ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំករុណាខ្ញុំសម្រេចចិត្តធ្វើប្រគេន និងជូននិស្សិតស្នាក់នៅ សុំឱ្យឧត្តមសេនីយ៍ ខេង សុមេត ចាប់ផ្តើមការដ្ឋានតែម្តង ហើយសុំឱ្យសម្តេច (សម្តេចមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី) រៀបចំបើកការដ្ឋាន ក្រុងពលីប្រគេនថ្វាយសម្តេចតែម្តងទៅ ខ្ញុំករុណខ្ញុំព្រមហើយ»។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែនក៏បានប្រកាសបើកការដ្ឋានមុនពេលធ្វើពិធីក្រុងពលី សាងសងអគារស្នាក់នៅរបស់និស្សិត នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សម្តេចបញ្ជាក់ថា «ឱ្យតែទាក់ទងជាមួយនឹងការចំណាយលើវិស័យអប់រំ យើងអត់គួរស្ទាក់ស្ទើរទេ ទាក់ទងនឹងការបម្រើសុខភាពមនុស្ស យើងអត់គួរស្ទាក់ស្ទើរជាមួយការវិនិយោគទេ នេះជាបំណងប្រាថ្នាសម្រាប់ប្រទេស ជាតិរបស់យើងមានការរីកចម្រើន» ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា ៕