រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃប្រទេសកូរ៉េ តាមរយៈគណៈកម្មការទី១០ នៃព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារៈប្រើប្រាស់ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាល នៅសាលាខេត្ត។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា តាមរយៈការសម្របសម្រួល របស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដែលបាននាំយកនូវអំណោយមនុស្សធម៌ ដែលបម្រើអោយផ្នែកសុខាភិបាល និងអប់រំ ដ៏មានសារៈសំខាន់ និងចាំបាច់នាឱកាសនេះ ក្នុងការជួយដោះស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំ នៅក្នុងមូលដ្ឋានខេត្ត។
ឯកឧត្ដមអភិបាលខេត្ត បានសន្យាថា នឹងយកអំណោយសប្បុរសធម៌ដ៏មានតម្លៃនេះចែកជូនដល់មន្ទីរអង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋ ដែលត្រូវការជំនួយពិតប្រាកដ ប្រកបដោយគណនេយ្យភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមបំណងប្រាថ្នារបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្ត នាពេលនេះរួមមាន៖ សម្ភារៈវេជ្ជសាស្រ្ត ឱសថពេទ្យ បរិក្ខារពេទ្យ ព្រមទាំងអំណោយមនុស្សធម៌ផ្សេងទៀត មានដូចជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈសម្រាប់ក្មេងៗ និងសៀវភៅសរសេរ ដែលគិតជាទឹកប្រាក់មានតម្លៃសរុបស្មើនឹងចំនួន ៥១៨,៨៥៦.១ ដុល្លារអាមេរិក ដែលទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តមប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា សន្យាថានឹងបន្តនាំយកអំណោយមនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ មកផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ហើយអំណោយទាំងអស់នោះនឹងជួយដោះស្រាយបញ្ហាខ្វះខាតមួយចំនួនដល់អាជ្ញាធរខេត្តផងដែរ ៕