ក្រសួងបរិស្ថាន រៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប
ភ្នំពេញ៖ នាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំ បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រមូល និងការកែច្នៃអនុផលព្រៃឈើដើម្បីកសាងសេដ្ឋកិច្ចសហគមន៍”។
កិច្ចប្រជុំនេះរៀបចំឡើងរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីជំនាញក្រសួងបរិស្ថាន គណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ វិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន១០០ នាក់។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ១. ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍រវាងអ្នកពាក់ព័ន្ធទាក់ទងនឹងការប្រមូល និងការកែច្នៃអនុផលព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ២. ប្រមូលធាតុចូលបន្ថែមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមលើសេចក្តីព្រាង “គោលការណ៍ណែនាំស្តីពី ការប្រមូល និងការកែច្នៃអនុផលព្រៃឈើក្នុងសហគមន៍តំបន់ការពារធម្មជាតិ”។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកជំទាវ បានផ្តល់អនុសាសន៍យ៉ាងមានសារៈសំខាន់ទាក់ទងនឹង “តម្រូវការ និងការផ្គត់ផ្គង់អនុផលព្រៃឈើប្រកបដោយនិរន្តភាពដែលទាមទារឱ្យមានការដកហូត ទៅតាមក្របខណ្ឌបច្ចេកទេស និងគិតគូរលើការកែច្នៃអនុផលព្រៃឈើស្របទៅតាមតម្រូវការទីផ្សារ បន្ថែមពីនេះ លោកជំទាវបានបញ្ជាក់ផងដែរពីការគិតគូលើការដាំស្តាឡើងវិញ និងការគិតគូពីយន្តការក្នុងការកែច្នៃផលិតផលពាក់កណ្តាលសម្រេចដើម្បីធានាបានទាំងតម្លៃនិងគុណភាព”។
លើសពីនេះទៀត លោកជំទាវ បានស្នើរសុំឱ្យសមាជិកបណ្តាញនីមួយៗ បន្តខិតខំដឹកនាំ ផ្តល់ធាតុចូលលើគោលការណ៍ណែនាំនិងផ្សព្វផ្សាយការងារសហគមន៍ ដល់សមាជិកសហគមន៍ដទៃទៀតដើម្បីពង្រឹងប្រសិទ្ធិភាពការងារនិងការការពារអភិរក្សធនធានធម្មជាតិ។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមកិច្ចសហការ និងគាំទ្រដោយអង្គការរីខូហ្វតាមរយៈគម្រោងភាពជាដៃគូលើវិស័យជលផលនៅប្រទេសកម្ពុជា ក្រោមជំនួយពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ( Sida)៕