ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ និងកិច្ចព្រមព្រៀងចំនួន ១១
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនិងហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់និងកិច្ចព្រមព្រៀង ចំនួន ១១ ដូចខាងក្រោម៖
១.អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងបរិស្ថាន។
២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន ៩ គឺ ១) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ២) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣) សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៤) សាកលវិទ្យាល័យស្វាយរៀង ៥) សាកលវិទ្យាល័យក្រចេះ ៦) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ៧) វិទ្យាស្ថានជាតិសុខភាពសាធារណៈ ៨) វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង ៩) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។
៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ រវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា។
ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ សរុបចំនួនប្រមាណ ៣៥០ នាក់។
អនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងបរិស្ថាន និងកិច្ចព្រមព្រៀងរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ ដែលត្រូវបានចុះហត្ថលេខានៅក្នុងពិធីថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងបរិស្ថាននិងសញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ ២) រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលសម្រាប់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថាន និង ៤) សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធ ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល ចំពោះគ្រឹះស្ថានឧត្ដមសិក្សា។
នេះជាលើកទី៤ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើលើកទី១ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទី៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ១១។ សរុបទាំង ៤ លើក មានក្រសួងចំនួន ២ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ ដែលចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ៕ . ..
.