ប្រជាពលរដ្ឋងាយរងគ្រោះ ៥៥៩គ្រួសារ នៅក្នុងមូលដ្ឋានស្រុកមេមត់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំឯកឧត្តម លោកជំទាវ សមាជិក សមាជិកគណ:កម្មាធិការសាខា និងអនុសាខាស្រុកមេមត់ ជាមួយក្រុមប្រតិបត្តិសាខា អនុសាខាមេមត់ ក្រុមកាកបាទក្រហមកម្ពុជាឃុំជាំ ឃុំត្រមូង ឃុំមេមត់ យុវជន និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥៥៩គ្រួសារ មានអាសយដ្ឋាននៅក្នុងឃុំជាំចំនួន១៨២គ្រួសារ ឃុំត្រមូងចំនួន២១៨គ្រួសារ និងឃុំមេមត់ ចំនួន១៦០គ្រួសារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ និងបន្តការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា ជាពិសេសថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ ជៀសចាកផុតពីរោគាព្យាធិទាំងឡាយ និងឆាប់បានជាសះស្បើយពីរោគាពាធ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕