សម្តេចតេជោ ផ្តាំទៅអង្គការក្រៅរដ្ឋាភិបាល កុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងផ្ដាំទៅថ្នាក់ដឹកនាំ នៃអង្គការក្រៅរដ្ឋាភិបាល កុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ ដោយរាយការណ៍អាក្រក់ៗពីខ្មែរ។
ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនដឹងជាអង្គការប៉ុន្មាន ស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ ។ អស់លោកខ្មែរមួយចំនួន ហើយបើបានជាជ្រុល ស៊ីលុយបរទេស ស៊ីចុះ ក៏ប៉ុន្ដែកុំវាយក្បាលខ្មែរ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា របាយការណ៍ហិរញ្ញវត្ថុ នៃអង្គការក្រៅរដ្ឋាភិបាល គឺខុសរហូត ដូច្នេះថ្ងៃក្រោយនឹងដាក់បន្ថែម ដោយមិនរាយការណ៍ អង្គការនោះត្រូវបិទ ព្រោះបើមិនធ្វើចឹងទេ មិនដឹងជាអង្គការប៉ុន្មាន ដែលស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំអត់ត្រូវការអ្នកឯងនិយាយលើស ពីអ្វីដែលមាននៅកម្ពុជានោះទេ ហើយក៏មិនចង់ឲ្យនិយាយខុស លើកសរសើរខ្ញុំលើស ឬក៏និយាយខុសពីកម្ពុជា»៕