ឯកឧត្តម គង់ សោភ័ណ្ឌ៖ ត្រូវបន្តគាំទ្រ និងជឿជាក់លេីការដឹកនាំសម្តេចតេជោ សូមកុំជឿការបំពុលព័ត៌មានរបស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ និងសមិទ្ធផលនានាក្នុងវត្តតកោះទាវ ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា អាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ និងសមិទ្ធផលនានាក្នុងវត្តកោះទាវ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត បង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលជាសាសនារបស់រដ្ឋ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់ ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ជោគជ័យទាំងនេះ គឺផ្តើមចេញពីការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកយាយ លោកតា ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រ និងជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល សូមកុំជឿការបំពុលព័ត៌មានរបស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា សមិទ្ធផលនានាដែលបានដាក់សម្ពាធ ក្នុងវត្តកោះទាវនាថ្ងៃនេះរួមមាន៖ អាគារសិក្សាពុទ្ធិកអនុវិទ្យាល័យ ១ខ្នង មានបណ្ដោយ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ២ជាន់ មាន ៤បន្ទប់ សាងសងអំពីថ្ម ក្លោងទ្វារវត្ត របងវត្ត និងរូបចម្លាក់ព្រះសង្ឃបិណ្ឌបាត្រ ចំនួន ១០០អង្គ ៕