លោក ហង់ ចាន់ឌី អញ្ជើញក្នុងពិធីដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួន ១៣ហិចតា និងត្រូវដាំកូនឈើឡើងវិញនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា-ក្រចេះ
ភ្នំពេញ៖ លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួន ១៣ហិចតា និងត្រូវដាំកូនឈើឡើងវិញនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា-ក្រចេះ ស្ថិតនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះដែរក៏មានការចូលរួមពីមន្ត្រីរាជការ តំណាងសហគមន៍ ប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ។
លោក ហង់ ចាន់ឌី អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីការពារព្រៃឈើពីការលួចចូលកាប់ឈើ និងការកាប់ឆ្ការហ៊ុំព័ទ្ធយកដីព្រៃដោយខុសច្បាប់ទាមទារឲ្យមានការចូលរួមចំណែកពីបងៗមន្ត្រីឧទ្យានុរក្ស កងកម្លាំងសម្ថកិច្ចប្រដាប់អាវុធ ក៏នៅតែមិនគ្រប់នោះទេ អ្វីសំខាន់មិនអាចខ្វះបានគឺអ្នករស់នៅក្នុងមូលដ្ឋានផ្ទាល់ មានប្រជាពលរដ្ឋ សិស្សានុសិស្ស គោលដៅសំខាន់ក្នុងការចូលរួម ការជួយថែរក្សាការពារ និងថែទាំកូនឈើទាំងនេះ នៅក្នុងរយៈពេល២០ ទៅ ៣០ឆ្នាំទៀតវានឹងក្លាយទៅជាខឿនយុទ្ធសាស្ត្រមួយអាចទាក់ទាញ់ផលប្រយោជន៍តាមរយៈ៖ ទី១.បានរក្សានៅលំនឹងបរិស្ថាន, ទី២.បានមកពីចំណូលទេសចរណ៍ និងទី៣.ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បានឃើញបើពុំដូច្នោះទេកូនចៅយើងជំនាន់ក្រោយមិនបានស្គាល់ មិនបានឃើញព្រោះវាជាប្រភេទពូជឈើប្រណិតផងដែរ។
លោកអភិបាលរងខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ នឹងអង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងរួមចំណែក និងការជួយគិតគូរចំពោះកិច្ចការស្ដារព្រៃឈើឡើងវិញ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិក្នុងដែនជំរកសត្វព្រៃកែវសីមា-ក្រចេះ របស់យើងទាំងអស់គ្នាឱ្យមានភាពគង្វង់ប្រសើរឡើង ៕