បារាំង នឹងផ្តល់វគ្គហ្វឹកហ្វឺនបំប៉នបន្ថែមដល់កងរាជអាវុធហត្ថ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ភ្នំពេញ៖ លោក Christophe ROUSSEL មន្រ្តីបណ្តុះបណ្តាលផ្នែកនគរបាលយុត្តិធម៌ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣ ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដល់កម្លាំងប្តូរវេនរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD) នឹងបើកវគ្គសិក្សាកងរាជអាវុធហត្ថ(MP)។ ក្នុងវគ្គសិក្សានេះ នឹងទទួលបានចំណេះដឹងបំប៉នបន្ថែម សម្រាប់ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ វគ្គសិក្សានេះ នឹងចាប់ផ្តើមនូវថ្ងៃទី៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧត្តុង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបារាំង ដែលតែងជួយជ្រោមជ្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស បារាំង តែផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សំណូរពរដល់ភាគីបារាំង ក្នុងការផ្តល់វគ្គហ្វឹកហ្វឺនរយៈពេលខ្លី តែខ្លឹម ដែលអាចឱ្យកងកម្លាំងចេញបេសកកម្មរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព ៕