លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បង្ហាញពីបរិយាកាសអំណោយផលរបស់កម្ពុជាសម្រាប់ធ្វើពាណិជ្ជកម្ម ដល់សហគ្រាសចិន
ភ្នំពេញ៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយ លោក ដាយ យូមីង (Dai Youming) នៃក្រុមហ៊ុន ផោវ័រឆាយណាអ៊ីនធ័រណេស្សិនណលគ្រុប (Power China International Group) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធាររដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំនូវការស្វាគមនយ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះគណ:ប្រតិភូសហគ្រាសចិន ដែលបានមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុងកម្ពុជា។
ក្រោយពីអនុញ្ញាតឲ្យគណ:ប្រតិភូចិនធ្វើការណែនាំអំពីសហគ្រាសរបស់ខ្លួន និងបង្ហាញគោលបំណង នៃការសិក្សាអំពំឱកាសវិនិយោគនៅកម្ពុជា លោក ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។
គណ:ប្រតិភូសហគ្រាសចិន បានថ្លែងអំណរគុណដល់លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថា លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជា រហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕