ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សានិងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម មកពីគណៈកម្មការជំនាញទាំងអស់ព្រឹទ្ធសភា ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។ បន្ថែមពីនេះ ឯកឧត្តមប្រធានក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងពិស្តារលើអត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធាន និង សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម នៃព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម ដាក់សេចក្តីព្រាងច្បាប់នេះ ក្នុងរបៀបវារៈនៃកិច្ចប្រជុំពិភាក្សារបស់ គណៈកម្មការទី៩ នាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជា អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយនូវសំណួរនានារបស់សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៩ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យនិងស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ ៕