រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ នឹងក្លាយជាជម្រើសមុខរបរមួយ ជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា ដោយមានការចូលរួមពីលោក សាដា អ៊ូម៉ា អាឡាម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងស្ថាប័ន និងអង្គការដៃគូជាច្រើនរូបទៀត នៅសណ្ឋាគារសូហ្វីតែល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ក្នុងគោលដៅអភិរក្សធម្មជាតិ និងជីវៈចម្រុះ ក្រសួងបានបង្កើតតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង៧លានហិកតា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំបង្កើត និងចងក្រងបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីជួយគាំទ្រ និងអភិវឌ្ឍសមត្ថភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ឱ្យមានសមត្ថភាព និងការទទួលខុសត្រូវក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្លាយជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការងារអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ ដែលជាកម្មវត្ថុនៃការជួបជុំគ្នាថ្ងៃនេះ នឹងរួមចំណែកបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មីបន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំនិងមានជីវភាពធូរធារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅកម្ពុជា ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកត្រឹមតែជាឱសថ ប៉ុន្តែយើងក៏គួរជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកឃ្មុំជាអាហារបន្ថែមប្រចាំថ្ងៃ ព្រោះវាជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយ ផងដែរ
ក្នុងន័យនេះ ដើម្បីធានានិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍លើការងារជាអាទិភាព មួយចំនួនដូចខាងក្រោម៖
ទី១-សូមស្នើតំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ជួយគិតគូរ និងផ្លាស់ប្តួរយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំកិច្ចការនេះឱ្យបានចំគោលដៅ មានភាពជាក់ស្តែង និងអាចអនុវត្តបាន។ អាចប្រើយន្តការអន្តរក្រសួងដែលមានស្រាប់ ដូចជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាព។
ទី២-គួរផ្តោតលើតម្រូវការក្នុងស្រុកជាមុន ទន្ទឹមនឹងស្វែងរកទីផ្សារក្រៅប្រទេសច្បាស់លាស់សម្រាប់ធ្វើការនាំចេញ ទើបអាចធានានិរន្តរភាពបាន។
ទី៣-គួរផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីសារប្រយោជន៍របស់ឃ្មុំធម្មជាតិ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និង សេវាកម្មអេកូឡូស៊ី ៕