សម្តេចតេជោ ប្រកាសផ្តល់ថវិកា ២ម៉ឺនដុល្លារ ដល់កម្មកររូបណា ត្រូវថៅកែកាត់ប្រាក់ខែ ២០ដុល្លារ បើមិនមកចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ប្រាក់ចំនួន ២ម៉ឺនដុល្លារ ជូនកម្មករណា ដែលត្រូវថៅកែរោងចក្រកាត់ប្រាក់ខែ ២០ដុល្លារ បើពួកគេមិនបានមកចូលរួម ក្នុងពិធីសំណេះសំណាលជាមួយសម្តេច ។
ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មានអាក្មេងពាលមួយនោះ វាបង្ហោះថាមិនបានមកចូលរួម [ជួបសំណេះសំណាលជាមួយសម្តេច] គេកាត់ប្រាក់ខែកម្មករ ២០ដុល្លារ ឥឡូវអ្នកណាដែលគេកាត់ប្រាក់ខែ ដែលមិនបានមកនោះ សូមបញ្ចេញឈ្មោះមក ហើយអំពាវនាវកម្មករណា ដែលមិនបានមកជួបពូហើយ គេកាត់ប្រាក់ចេញមុខមក ពូនឹងសង។ អ្នកឯងបាត់បង់ ២០ដុល្លារ ខ្ញុំឲ្យអ្នកឯង ២ម៉ឺនដុល្លារ ឲ្យតែចេញមុខមក ដើម្បីខ្ញុំក៏ចង់ដឹងតែវាមានអំពើនេះ ពិតឬអត់?»៕