សម្តេចតេជោ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅថ្ងៃ២៣ កក្កដា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមកុំភ្លេចទៅបំពេញកាតព្វកិច្ច ៥ម្តង យើងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង សូមទៅបោះឆ្នោតសម្រាប់ការជ្រើសរើស ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។ ប្រទេសកម្ពុជា គឺជាប្រទេសដែលអនុវត្តទៀងទាត់ ច្បាស់លាស់បើប្រៀបធៀបជាមួយប្រទេសដទៃ។ ប្រទេសដទៃផ្តល់ការអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីស្នើសុំទៅព្រះមហាក្សត្រ ឬប្រមុខរដ្ឋរំលាយសភាមុនអាណត្តិបោះឆ្នោត ប៉ុន្តែនៅកម្ពុជាអត់ធ្វើអ៊ីចឹងបានទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីរំលាយសភាទេ រដ្ឋធម្មនុញ្ញបានកំណត់និតិកាលមានរយៈពេល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយពីរដងក្នុងរយៈពេល១២ខែ ហើយសភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់ដំណែង»។
សម្ដេចតេជោបញ្ជាក់ថា «ទេវតាបានរស់នៅជាមួយយើង ដែលវាជាភ័ព្វសំណាង ដែលកាលពីជំនាន់អាពត ជីដូនជីតា ឪពុកម្តាយរបស់ចៅៗបន់ស្រន់ទេវតាឱ្យជួយផង ហើយសូម្បីតែអ្នកប្រឆាំងមានរឿងអីក៏បន់ស្រន់ទេវតាអើយជួយផង ហើយទេវតាមិនប៉ះគណបក្សប្រជាជន វាមិនដែលថា ពេលដែលមានការអីកើតឡើងទៅនិយាយ យមរាជអើយជួយផងទេ គឺស្រែករកទេវតាជួយហើយ។ ហើយចៃដន្យអីគណបក្សប្រជាជនយកសញ្ញាទេវតាបាចផ្កាយកមកធ្វើជានិមិត្តសញ្ញារបស់ខ្លួន»៕