ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់៖ ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បែបនេះក្នុងពិធីបិទ«វគ្គបណ្តុះបណ្តាលតម្រង់ទិសលើអភិបាលកិច្ចគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការការពារ និងអភិរក្សធនធានធម្មជាតិ គឺបង្កើនជម្រើសមុខរបរឱ្យសហគមន៍មានឱកាសគិតគូរពីប្រភពចំណូលផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ដូចជា ការចិញ្ចឹមសត្វ ដំណាំជុំវិញផ្ទះ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តឱ្យស្នាក់ការតំបន់ការពារធម្មជាតិទាំងអស់ ចិញ្ចឹមសត្វ និងការដាំដុះ សម្រាប់បម្រើឱ្យតម្រូវការរបស់អង្គភាពផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា មន្ត្រីក្រសួងបរិស្ថាន គួរគិតគូរ អំពីតម្លៃសេដ្ឋកិច្ចរបស់តំបន់ការពារធម្មជាតិ ជម្រើសកម្សាន្ត លំហែ និងទេសចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ជំរុញការចុះបញ្ជីតំបន់ការពារធម្មជាតិឱ្យស្របតាមនីតិវិធីជាធរមាន ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៕