ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ដោយមានការអញ្ជើញចូលរួមជាពីឯកឧត្តម Justin Wyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Jost Kadel លេខាទី១ ស្ថានទូតនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងអង្គការ GIZ, UNDP, UNICEF ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, រដ្ឋបាលថ្នាក់ក្រោមជាតិ, អង្គការសង្គមស៊ីវិល, អង្គការសហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា អាស្រ័យដោយប្រទេសស្ទើរតែទាំងអស់លើពិភពលោក និងនិយាយដោយឡែកសម្រាប់កម្ពុជាយើង រងផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា រួមទាំងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ព្រមទាំងការជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ។ល។ បានបណ្តាលឱ្យមាននិន្នាការកើនឡើងនូវថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ឆ្លើយតបនឹងបរិការណ៍ដ៏លំបាកដូចរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គម សំដៅ៖ (១)បន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងនិងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ពេលនេះ និង (២)ព្រមទាំងគិតគូរបន្ថែមក្នុងការរៀបចំផ្តល់ការគាំទ្រដល់ជីវភាពរបស់គ្រួសារគោលដៅដែលងាយរងហានិភ័យ តាមរយៈកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះផងដែរ។
តាមរយៈយន្តការ កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសបាននិងកំពុងទទួលនូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ ហើយទិន្នន័យដែលប្រមូលបានតាមរយៈប្រព័ន្ធអត្តសញ្ញាណ កម្មគ្រួសារក្រីក្រ ត្រូវបានបង្ហាញឱ្យឃើញពីគុណតម្លៃយ៉ាងសំខាន់មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែក៏មានដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកមានចំណែកពាក់ព័ន្ធដទៃជាច្រើនទៀតបានយកទិន្នន័យនេះទៅប្រើជាមូលដ្ឋានសម្រាប់កិច្ចការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពក្រីក្រ តាមរយៈសកម្មភាពអាទិភាពរបស់ខ្លួនជាច្រើន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ក្រៅពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបានពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀត។ ទាំងនេះបានបង្ហាញពីចំណុចសំខាន់ៗចំនួន៧ គឺ ៖
១-ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
២-ការផ្លាស់ប្ដូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្ន័យតាមតម្រូវការ
៣-បរិយាបន្ននៃគ្រួសារងាយរងហានិភ័យ(គ្រួសារក្បែរក្រ)
៤-ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុ និងកម្រងសំណួរ
៥-ដំណើរការឌីជីថលភាវូបនីយកម្ម៖ ពីការធ្វើការងារដោយលើក្រដាសទៅការកត់ត្រា និងការរក្សាទុកទិន្នន័យតាមរយៈឌីជីថល
៦-មុខងារថ្មីនៅក្នុងនីតិវិធី៖ គឺការកែសម្រួល និងលុបទិន្នន័យដែលបានបញ្ចូល
៧-យន្តការគណនេយ្យភាព៖ គឺ យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដែលយើងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បញ្ជាក់ថា ការតាមដានត្រួតពិនិត្យ គឺជាភារកិច្ចរបស់ក្រសួងផែនការ និងមន្ទីរផែនការ លើការអនុវត្តរបស់ក្រុមការងារឃុំសង្កាត់ ដើម្បីធ្វើការវាយតម្លៃ និងជួយពង្រឹងគុណភាព ប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ការតាមដានត្រួតពិនិត្យចែកជា២ប្រភេទគឺ៖ ការតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធី និង ការតាមដានគុណភាពទិន្នន័យ។
ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ថា យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ មានគោលបំណងធានានូវគណនេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធនេះផ្តល់ឱកាស និងភាពងាយស្រួលដល់សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងៗក្នុងការផ្តល់មតិជំទាស់ និងសំណូមពរទៅអ្នកអនុវត្ត និងអ្នកគ្រប់គ្រងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអំពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។ក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និង
គេហទំព័រ www.idpoor.gov.kh សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុមការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ។ កម្មវិធីថ្មីនេះបានភ្ជាប់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ ៕