អភិបាលខេត្តឧត្ដរមានជ័យ ផ្ដាំផ្ញើ ប្រគេន-ជូនបងប្អូនប្រជាពលរដ្ឋនូវ ៦ចំណុចសំខាន់ៗ
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថៃ្ងព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តអរិយវង្សារាមអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមេគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធសាសនិកទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន សមស្របទៅនិងស្ថាភាពសង្គមយើងសព្វថ្ងៃ។
ឯកឧត្ដមអភបាលខេត្ត ពិតជាមានសេចក្តីរីករាយណាស់ ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើរ របស់ពុទ្ធសាសនិកជន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ចូលរួមសាមគ្គីគ្នា ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ។ នៅតាមទីវត្តអារាម តាជី យាយជី លោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្ត បូជាចំពោះព្រះរតនត្រៃ និងបានជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិ។
ទន្ទឹមនឹងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ជាចចុងបញ្ជប់ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើ ប្រគេន-ជូនបងប្អូនប្រជាពលរដ្ឋនូវ ៦ចំណុចសំខាន់ៗ៖
១-សូមបន្តពង្រឹងគុណភាពការដឹកនាំ និងគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ និងរក្សាតម្លៃព្រះពុទ្ធសាសនា ធ្វើឲ្យវត្តអារាមក្លាយទៅជាចំណេះដឹង ផ្លូវលោក ផ្លូវធម៌ អប់រំផ្លូវចិត្ត ជៀសវាងនូវអំពើហិង្សា។
២-សូមបន្តការទប់ស្កាត់ការធ្វើសកម្មភាពអាជីវកម្មលើសាសនា កេងប្រវ័ញដើម្បីផលប្រយោជន៍ លាភសក្ការៈ តាមគ្រប់រូបភាព ដូចជា ការឃោសនា រៃអង្គាស តាមទីប្រជុំជនសាធារណៈ ធ្វើឲ្យបាត់បង់ តម្លៃព្រះពុទ្ធសាសនា។
៣-សូមបន្តការយកចិត្តទុកដាក់លើការចុះបញ្ជីដីគរុភណ្ឌវត្ត (ទ្រព្យសម្បត្តិរដ្ឋ)។
៤-សូមព្រះថេរានុត្ថេរៈ សមណសិស្សគ្រប់ព្រះអង្គ បន្តការខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត គោរពធម៌ វិន័យ ប្រតិបត្តិឲ្យបានល្អ ជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ។
៥-សូមពុទ្ធបរិស័ទទាំងអស់ រូបរួមសាមគ្គីគ្នា កសាងសង្គមជាតិ ជួយអភិវឌ្ឍន៍វិស័យព្រះពុទ្ធ សាសនា ឲ្យបានថ្កុំថ្កើងរុងរឿងជៀសវាងការប្រកាន់បក្សពួក អាចធ្វើឲ្យបាត់បង់ជំនឿ នឹងធ្វើឲ្យអាប់ឱន ដល់តម្លៃព្រះពុទ្ធសាសនា។
៦-ចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងចូលរួម ការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង ៣ការពារ“ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕