ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាតនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន១២គ្រួសារ ដែលអញ្ជើញមកពីក្រុងស្ទឹងសែនចំនួន៦គ្រួសារ និងស្រុកកំពង់ស្វាយចំនួន៦គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ជាមួយនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានផ្ដាំផ្ញើសូមជូនពរដល់បងប្អូនអតីតយុទ្ធជនរបស់យើងទាំង អស់ សូមឱ្យមានសេចក្តីសុខ សេចក្តីម្រើន និងសុខភាពល្អ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឲ្យនៅគង់វង្សជារៀងរហូត។
ឧត្តមសេនីយ៍ទោសោម ស៊ុនបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជន ទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ មីជាតិ ទឹកត្រីទឹកស៊ីអីវ និងត្រីខកំប៉ុងផងដែរ ៕