កាកបាទក្រហមកម្ពុជា ប្រគល់ម៉ូតូអគ្គិសនី ៦គ្រឿងជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ម៉ូតូអគ្គិសនីចំនួន៦គ្រឿងដែលទទួលបានពីសប្បុរសជនក្នុងឱកាសខួបទី១៦០ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និង សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា និងបម្រើឱ្យសកម្មភាពមនុស្សធម៌នានារបស់សាខា។
ជាក់ស្តែងនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៣នេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង និងសហការី អញ្ជើញនាំយកម៉ូតូអគ្គិសនីចំនួន៦គ្រឿងប្រគល់ជូនមន្រ្តីទទួលបន្ទុកការងារប្រាក់កម្ចីគ្មានការប្រាក់ រួមមាន៖
-សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (អនុសាខាស្រុករវៀង ២គ្រឿង និងអនុសាខាស្រុកជាំក្សាន្ត ១គ្រឿង)។
-សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ (អនុសាខាស្រុកអន្លង់វែង ២គ្រឿង និងអនុសាខាក្រុងសំរោង ១គ្រឿង)។
គួររំលឹកបញ្ជាក់ជូនថា កម្មវិធីប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្តក្នុងខេត្តទាំងពីរ លើគោលដៅដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីនតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ដែលមានអ្នកទួលផលពីប្រាក់កម្ចីនិងការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីនរាប់ពាន់គ្រួសារ ជាពិសេសគ្រួសារអតីតយុទ្ធជន និងជនពិការ ។ រួមជាមួយការកសាងបណ្តាញអ្នកស័្មគ្រចិត្តនៅតាមភូមិដែលជាកម្លាំងជួរមុខជាច្រើន។
ម៉ូតូអគ្គិសនីទាំងនេះជាអំណោយរបស់ក្រុមហ៊ុន អូអេស៊ីស អេនើជី (ខេមបូឌា) ឯ.ក OASIS ENERGY (CAMBODIA) CO.,LTD. ដែលបានឧបត្ថម្ភមកកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ឆ្នាំទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣៕