អាគារ៣ខ្នង នៅPKO សម្រាប់ការហ្វឹកហ្វឺនកងកម្លាំង រក្សាសន្តិភាព ត្រូវបានបញ្ចុះបឋមសិលាសាងសង់
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិកិច្ចការបញ្ជូនកងកម្លាំងចេញបេសកកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅ អាគារសិក្សា និងអាគារសាលប្រជុំធំ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា តាមរយៈការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៣នេះ គឺមាន រយៈពេល១៧ឆ្នាំមកហើយ។ ដូច្នេះតាមសមត្ថភាពរបស់កម្ពុជានេះហើយ ទើបអង្គការសហប្រជាជាតិ ព្រមទាំងប្រទេសជាសមាជិកទុកចិត្តលើកម្ពុជា ដោយសម្រេចឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី (កម្ពុជា ជប៉ុន និងអង្គការសហប្រជាជាតិ)។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា សម្រាប់ដំណើរការសាងសង់អគារទាំង៣ខ្នង ដែលមាន អគារស្នាក់នៅ អគារសិក្សា និងអគារសាលប្រជុំធំ នឹងប្រើប្រាស់ពេលវេលាចំនួន១៤ខែ។
អគារនេះ ត្រូវប្រសិដ្ឋនាមថា អគារ «តេជោសន្តិភាព» គឺសម្រាប់បម្រើឱ្យការចូលរួមហ្វឹកហាត់នៅក្នុងតំបន់ ព្រមទាំងកងទ័ពមួកខៀវមកពីក្រៅតំបន់ផងដែរ។ គម្រោងត្រីភាគី នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ ប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះគម្រោងហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព៕