ឯកឧត្តម គង់ សោភ័ណ្ឌ សន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលទុក្ខលំបាក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយជាសម្ភារៈ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយមហន្ដរាយផ្សេងៗបានទាន់ពេលវេលា។
ឯកឧត្ដម គង់ សោភ័ណ្ឌ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលទុក្ខលំបាកជូនបងប្អូនជងងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ។
នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា។
សូមបញ្ជាក់ថា សប្បុរសជនដែលបានផ្ដល់អំណោយមនុស្សធម៌ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលរួមមាន៖
១-លោកឧកញ៉ា តែ តាំងប៉ បានឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ទូរគៀបទឹកអំពៅ ១គ្រឿង និងទូរដាក់លក់ម្ហូបអាហារ ១គ្រឿង
២-ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល
៣-លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក
៤-លោក ប៊ុត ច័ន្ទណារ៉ា នាយកធនាគា FTB សាខាក្រុងតាខ្មៅ បានឧបត្ថម្ភថវិកា ២លានរៀល
៥-លោកស្រី កា ធារិទ្ធ នាយិកាសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងតាខ្មៅ បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ៕