ឯកឧត្តម វេង សាខុន ណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប ត្រូវគោរពលក្ខន្តិកៈរបស់គណបក្ស
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សដទៃ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១៤០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរពីគណបក្សដទៃ ដើម្បីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទាំង ១៤០នាក់ ឯកឧត្តម វេង សាខុន បានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី។
ឯកឧត្តម វេង សាខុន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សមាជិកថ្មីយើងនឹងក្លាយជាសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើងឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចំរើនជឿនលឿនបាន។
នាឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៤០រូប ត្រូវគោរពលក្ខន្តិកៈរបស់គណបក្ស រក្សាគោលជំហរស្មោះត្រង់ចំពោះគណបក្ស ត្រូវផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្សឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕