សម្តេចតេជោ ព្រមានមន្ត្រីគណបក្សភ្លើងទៀន និងបន្តប្រកាសនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានលោក ស សាឡុងដេត មន្ត្រីគណបក្សភ្លើងទៀន និងបន្តប្រកាសមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់ឡើយ។
ក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ហ្អែងកុំភ្លេចណា ទំនាក់ទំនងហ្អែង និងអាក្បត់ជាតិ ៣ជំនាន់នៅសល់។ ហ៊ុន សែន មិនអត់ឲ្យនរណាទាំងអស់ ដែលមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ជំនាន់ ហើយអ្នកណាក៏ដោយដែលផ្តាច់ខ្លួន ពីអាក្បត់ជាតិ ៣ជំនាន់ គឺ ហ៊ុន សែន លើកលែងទោសទាំងអស់»។
ជាមួយគ្នានេះ សម្តេចតេជោ បានប្រាប់ទៅ ស សាឡុងដេត ថា មិនអនុញ្ញាតឱ្យបង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀននោះឡើយ។ សម្តេចតេជោ បានប្រាប់សមត្ថកិច្ចការពារ ស សាឡុងដេត ខ្លាចជនទី៣ ទៅប្រព្រឹត្តហិង្សាលើ ហើយបែរជាទម្លាក់កំហុសខាងបក្សប្រជាជនកម្ពុជាវិញ។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀត កុំឱ្យជឿលើការញុះញង់របស់ ស សាឡុងដេត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញ Telegram បានឲ្យដឹងថា លោក ស សាឡុងដេត បានប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣៕