កូនឈើជាង ៤០០ដើម និងស្មៅជាង៤០០ម៉ែត្រការ៉េ ត្រូវបានដាំនៅតំបន់អង្គរ បន្ទាប់ពីពលរដ្ឋស្ម័គ្រចិត្ដចាកចេញ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រ ហៅកាតអាយស៊ីស៊ីអង្គរ នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣ បានសហការរៀបចំយុទ្ធនាការដាំដើមឈើនិងស្មៅដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភ័ណពិភពលោក ដែលដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំមន្ដ្រីបុគ្គលិកដាំដើមឈើជាង៤០០ដើម និងស្មៅលើផ្ទៃដីជាង៤០០ម៉ែត្រក្រឡា ស្ថិតនៅខាងត្បូងកសិន្ធុទឹកអង្គរ បន្ទាប់ពីប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងនៃខេត្តសៀមរាប។
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភណ្ឌភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូរខ្ពស់។
ឯកឧត្តមបន្តថា៖ អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត និងបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្តមបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលការដាំនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ការដាំកូនឈើចម្រុះប្រមាណជាង៤០០ដើម និងរុក្ខជាតិស្មៅជាង៤០០ម៉ែត្រក្រឡា នៅលើផ្ទៃដីអតីតប្រជាពលរដ្ឋដែលបានចាកចេញទៅរស់នៅតំបន់ពាក់ស្នែង និងភូមិធម្មជាតិរុនតាឯក ក្នុងគោលបំណងដាំស្តារឡើងវិញនូវព្រៃឈើរិចរិល និងកែលម្អដីទំនេរដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញឱ្យក្លាយជាតំបន់បៃតងស្រស់ មានដើមឈើ និងវាលស្មៅ សម្រាប់ជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល រួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញ ដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរធ្វើយ៉ាងណាឱ្យ ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា ដូច្នេះយើងត្រូវបន្តចូលរួមក្នុងកិច្ចការនេះជាបន្តបន្ទាប់ទៀត។ជាងនោះទៅទៀតដើមឈើមានសារៈសំខាន់បំផុតសម្រាប់មនុស្សជាតិលើសកលលោក៕