សម្តេច ស ខេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន នៅក្នុងស្រុកភ្នំព្រឹក
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សម្ដេច ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុកភ្នំព្រឹក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ នៃនីតិកាលទី៦នេះ។
សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកភ្នំព្រឹក ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
សម្ដេចបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីក្នុងស្រុកភ្នំព្រឹក អំពីសភាពការណ៍សាកលដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម៕