បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំនេះ និងបន្តទៅមុខ គឺកម្មវិធីនយោបាយរបស់បក្ស
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៏ថា គណបក្សប្រជាជនកម្ពុជា មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំ២០២៣នេះ និងបន្តទៅមុខ គឺកម្មវិធីនយោបាយរបស់បក្សបានដាក់ការយកចិត្តទុកដាក់លើអនាគត តាមរយៈការធ្វើបច្ចុប្បន្នភាព, ការផ្លាស់ប្តូរវិធីសាស្ត្រ និងការធ្វើកំណែទម្រង់នានា សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងទៅដល់គោលដៅដែលបានកំណត់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ។ ដូច្នេះ យុវជនជំនាន់បច្ចុប្បន្នត្រូវថែរក្សាការពារ និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកាន់តែខ្ពស់ត្រដែតឡើងរបស់ប្រទេសជាតិ ៕