បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន គឺជាគណបក្សដែលតែងបានផ្តល់ការគោរពឥតងាករេចំពោះបាវចនាជាតិ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងបានផ្តល់ការគោរពឥតងាករេចំពោះបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១-ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២-សាសនា គឺការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ និងទី៣-គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី (maquis) តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ៕