អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង នៃការិយបរិច្ចេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគ៥ នៅខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង នៃការិយបរិច្ចេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ ភូមិភាគ៥ (ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី) នៅរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ ឌុច ដាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយលើការងារសវនកម្មផ្ទៃក្នុង ភូមិភាគ៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាន/អនុប្រធានគណៈប្រតិភូផ្នែករដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ។
កិច្ចប្រជុំនេះ លោកជំទាវ បានផ្តល់អនុសាសន៍ណែនាំ ដោយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ការគ្រប់គ្រងចំណូល-ចំណាយថវិការដ្ឋ) ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងការផ្តល់សេវាសាធារណៈ នៃអង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលខេត្ត ប៉ុស្តិ៍នគរបាលច្រកជាដើម។ សម្រាប់ក្រុមប្រតិភូនីមួយៗ ត្រូវចេះសាមគ្គីភាពគ្នាទៅវិញទៅមក និងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រមបញ្ហាប្រឈមនៅសវនដ្ឋាន៕