សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត
ភ្នំពេញ៖ នៅទីស្ដីការក្រសួងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត។
កិច្ចប្រជុំនារសៀលនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ដ្រី ឯកឧត្តម រដ្ឋមន្ដ្រី ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានរៀបចំខ្លឹមសារសម្រាប់ការប្រជុំនៅចុងអាណត្តិទី០៦នេះ ដើម្បីស្ដាប់បញ្ហាប្រឈម ឬសណូមពរនានារបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ប្រចាំអាណត្តិទី០៦ ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋានដល់ភូមិ-ឃុំ-សង្កាត់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញទទួលការដោះស្រាយនូវរាល់ក្ដីកង្វល់ សំណើ សំណូមពរទាំងនោះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមស្មារតីនៃសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងសកម្ម សំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យនៃការកែទម្រង់។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្ដថា ការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណ ដោយបានផ្ដល់កាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ ហើយក៏ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។
លើសពីនេះ សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះសួរសុខទុក្ខ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយក្រុមការងារ ក៏បានចូលរួមចំណែក អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានដោយបានកសាងសមិទ្ធផលជាច្រើនផងដែរ៕