បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ហើយក៏ធ្លាប់បានធ្លាក់ខ្លួនឆ្លងកាត់សង្គ្រាមទុក្ខសោកក្នុងសម័យកាលបន្តបន្ទាប់ បន្តរហូតមកដល់សម័យសង្គ្រាមលន់នល់ និងសម័យប៉ុលពត ដែលបានទម្លាក់សម័យកាលដ៏រុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុលពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមថាបានថាជា “សម័យតេជោសន្តិភាព” ៕