ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គទូត, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ការដាក់ឱ្យដំណើរជាផ្លូវការនេះ មានគោលបំណងបង្ហាញពី ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលផ្តោតលើដំណោះស្រាយឌីជីថលចំនួន ២ សំខាន់ៗ សម្រាប់គម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមគឺ ថ្នាលគាំពារសង្គមឌីជីថល និង មូលដ្ឋានទិន្នន័យគាំពារសង្គម។
ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរណ និងបានអភិវឌ្ឍឡើងសម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម និងមានមុខងារសំខាន់ៗ ដូចជាមុខងារចុះបញ្ជីអត្តសញ្ញាណរួម, មុខងារចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, មុខងារផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, មុខងារធ្វើយថាភូតកម្ម ដោយប្រើប្រាស់ទិន្នន័យជីវមាត្រ និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ចំណែក មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទីសំខាន់ ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ ៕