អភិបាលខេត្តកណ្ដាល៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺនៅជាមួយប្រជាពលរដ្ឋ និងដើម្បីពលរដ្ឋ គ្រប់កាលៈទេសៈ
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយករណីកម្មករ និយោជិត ធ្វើកូដកម្ម នៅក្រុមហ៊ុន ស្តារឡៃថ៍ អ៉ឹភែរឹល មេនូហ្វេកឆឺរីង (Starlight Apparel Manufacturing Co.,Ltd) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីសំណាក់ កងកម្លាំងទាំងបី អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដល់បងប្អូនកម្មករ កម្មការិនី ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺនៅជាមួយប្រជាពលរដ្ឋ និងដើម្បីពលរដ្ឋ គ្រប់កាលៈទេសៈ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការដោះស្រាយ និងសម្របសម្រួលដោយផ្ទាល់ ជាលទ្ធផលបញ្ហាប្រឈមត្រូវបានយល់ព្រម៖
-ឯកភាពព្រមព្រៀងរវាងភាគីពាក់ព័ន្ធ ក្រុមហ៊ុន ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ដែលមានកំណត់
-ត្រូវអនុវត្តតាមច្បាប់ជាគោល ចំពោះកម្មករ ក្នុងអំឡុងពេលដែលធ្វើកូដកម្ម
-ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ ស្នើសុំឱ្យបន្តដោះស្រាយផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីឱ្យរោងចក្រចាប់ផ្តើមដំណើរការធម្មតាឡើងវិញ
-ក្រុមហ៊ុន និងកម្មករនិយោជិក អនុវត្តតាម សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឱ្យបានត្រឹមត្រូវ និងចូលបម្រើការងារវិញនៅ ថ្ងៃស្អែកទាំងអស់គ្នា។
បងប្អូន កម្មករ កម្មការិនី សប្បាយរីករាយយ៉ាងក្រៃលែង ចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានជួយសម្របសម្រួល និងដោះស្រាយ ព្រមទាំងស្ដាប់អំពីទុក្ខកង្វល់ និងសំណូមពរ របស់កម្មករ កម្មការិនី នាពេលនេោះផងដែរ ៕