ប្រទេសចិនបានចេញសេចក្តីណែនាំស្តីពីការលើកកម្ពស់សមាហរណកម្មផ្នែកឧស្សាហកម្ម ការអប់រំ
ប៉េកាំង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ថា ប្រទេសចិនបានចេញផ្សាយគោលការណ៍ណែនាំស្តីពីការលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្ម និងការអប់រំនៅក្នុងវិស័យអប់រំវិជ្ជាជីវៈ នេះបើយោងតាមគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC)។ប្រទេសនេះនឹងកសាង និងបណ្ដុះបណ្ដាលសហគ្រាសជាង ១០,០០០ ដែលផ្តោតលើការធ្វើសមាហរណកម្មឧស្សាហកម្ម និងការអប់រំ។
សេចក្តីណែនាំដែលបានចេញផ្សាយរួមគ្នាដោយ NDRC និងនាយកដ្ឋានចំនួនប្រាំពីរផ្សេងទៀតបាននិយាយកាលពីថ្ងៃអង្គារថា វាក៏នឹងធានាថាតម្រូវការឧស្សាហកម្មត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការបណ្តុះបណ្តាលបុគ្គលិកកាន់តែប្រសើរឡើង។ឯកសារបានអោយដឹងថា វានឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត រួមទាំងការផលិតកម្រិតខ្ពស់ ថាមពលថ្មី សម្ភារៈថ្មី បច្ចេកវិទ្យាជីវសាស្រ្ត និងបញ្ញាសិប្បនិម្មិត។
យោងតាមឯកសារបានឱ្យដឹងថានៅឆ្នាំ ២០២៥ នឹងមានទីក្រុងសាកល្បងជាតិប្រហែល ៥០ ដែលផ្តោតលើការធ្វើសមាហរណកម្មឧស្សាហកម្ម និងការអប់រំ។NDRC បានកត់សម្គាល់ថា ការធ្វើសមាហរណកម្មរវាងឧស្សាហកម្ម និងការអប់រំនៅក្នុងវិស័យអប់រំវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងគាំទ្រដល់ទំនើបកម្មរបស់ចិនជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃចំនួនប្រជាជន។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា