មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងគាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការចំនួន ៩ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣គម្រោងកម្ពុជាសរុបចំនួន ៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារអាមេរិក)។ គម្រោងទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។
ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕