ឯកឧត្តម យស ណាស៊ី និង ឯកឧត្តម អ៊ូច ភា ដឹកនាំគណប្រតិភូរដ្ឋបាលខេត្តតាកែវ គោរពវិញ្ញាណក្ខន្ធសព លោក ខៀវ បុត មេឃុំខ្វាវ ស្រុកសំរោង
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និង អាជ្ញាធរស្រុកសំរោង នារសៀលថ្ងៃអង្គារ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារ សព លោក ខៀវ បុត មេឃុំខ្វាវ ដែលទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ដោយជរាពាធ នៅគេហដ្ឋានស្ថិតនៅភូមិព្រៃនាងពួន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយបំផុត ជាមួយក្រុមគ្រួសារ សាច់ញាតិ របស់ លោក ខៀវ តុប មេឃុំខ្វាវ គឺជាការបាត់បង់ ស្វាមី ជីតា ឪពុក ជាមនុស្សដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ម្នាក់ ដែលបានលះបង់ខិតខំលះបង់គ្រប់យ៉ាង ដើម្បីគ្រួសារ។
ឯកឧត្តម អ៊ូច ភា បានបន្ថែមថា ការបាត់បង់ លោក ខៀវ បុត នាពេលនេះ គឺជាការបាត់នូវថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ ដែលប្រជាពលរដ្ឋគោរពស្រលាញ់ បានធ្វើការបំរើរាស្ត្រ បំរើផលប្រយោជន៍ជាតិយ៉ាងច្រើនកន្លងមក។ មិនតែប៉ុណ្ណោះលោកមេឃុំខ្វាវ គឺជាអ្នកមើលដោយផ្ទាល់ចំពោះសុខទុក្ខរបស់បងប្អូនអ្នកភូមិ ដែលជានិច្ចជាកាលបានសហការគ្រប់ភាគី និងសម្រួលដល់ការងារនានាថ្នាក់មូលដ្ឋានជូនពលរដ្ឋផងដែរ។
បន្ថែមពីនេះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សា និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រគល់សារលិខិតរំលែកមរណៈទុក្ខ និងសម្ភារៈ ថវិកាមួយចំនួន ប្រគល់ជូន ក្រុមគ្រួសារសព លោក ខៀវ បុត ផងដែរ ៕