សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា អង្គភាពពាក់ព័ន្ធ និងក្រុមការងារទទួលខុសត្រូវដឹកនាំ ការរៀបចំឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកដំណើរចេញចូលប្រទេសតាមច្រកទ្វារអន្តរជាតិ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងមតិស្វាគមន៍ដល់អង្គប្រជុំ ព្រមទាំងថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ សម្ដេចក្រឡាហោម បានបន្តថា ថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីស្ដាប់នូវរបាយការណ៍ស្តីពីសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួល ដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស៍ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីសារបាន និងដំណើរការនៃការរៀបចំបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ជូនដល់អគ្គនាយកអន្តោប្រវេសន៍ ធ្វើជាសេនាធិការជូនដល់ក្រសួងមហាផ្ទៃ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញចូលប្រទេស ក៏ដូចជាការរក្សាទុកទិន្នន័យដែលអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្នុងការដាក់ឱ្យដំណើរការដំបូង ប្រព័ន្ធនេះបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំង២៤ និងបានធ្វើការបំពាក់បន្ថែមដល់ប៉ុស្តិ៍ច្រកទ្វាដែលទើបនឹងបង្កើតថ្មីចំនួន ៣ទៀត សរុបច្ចុប្បន្នបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វាអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ សរុបចំនួន ២៧។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា សម្រាប់ប្រព័ន្ធ CBMS នេះមានមុខងារសំខាន់ៗជាច្រើន ដែលបានបម្រើសកម្មភាព និងកិច្ចការងារនាពេលកន្លងមករបស់អគ្គនាយកដ្ឋាន។ លើសពីនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែម អំពីកិច្ចការជំនាញចាំបាច់ និងបញ្ហាប្រឈមមួយចំនួននៅសេសសល់របស់អគ្គនាយកដ្ឋាន ដើម្បីសម្រួល និងជម្រុញលើការងារគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគោរពស្នើសុំមតិដឹកនាំពី សម្ដេចក្រឡាហោម រៀបចំទីតាំងរក្សារទិន្នន័យដើម្បីរក្សារទិន្នន័យ(Backup) របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS និងបំពាក់ឧបករណ៍បច្ចេកទេសថ្មីៗ នៅតាមច្រកទ្វារព្រំដែនកម្ពុជា ព្រមជាមួយការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ។
ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តម ដែលបានធ្វើសេចក្ដីរាយការណ៍ អំពីសកម្មភាព និងការងាររយៈពេលកន្លងមក ជាមួយគ្នានោះ សម្ដេច ក៏បានណែនាំដល់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិភាក្សា និងពិនិត្យឡើងវិញចំពោះទីតាំងដែលមានស្រាប់ នៅអគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបំពាក់នូវឧបករណ៍បច្ចេកទេសសម្រាប់ផ្ទុកទិន្នន័យ (Backup) របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS។
សម្ដេចក្រឡាហោម បានបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបន្តធ្វើការជាមួយវិស័យឯកជន ឱ្យបានម៉ត់ចត់បន្ថែមទៀតលើកិច្ចការងារដែលពាក់ព័ន្ធនានា ដើម្បីជម្រុញក្នុងការបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕