ឯកឧត្ដម ស្រី សួន៖ ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ កំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ស្រី សួន រដ្ឋលេខាធិការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយ កំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោក ស្រី សួន ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាមធ្យមវិចិត្រសិល្បៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា ក្នុងរយៈពេលវិបត្តិកូវី១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានរឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារនិងយុវវ័យ ទាំងនៅទីក្រុង និងជនបទ ដែលធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ។ សកលភាវូបនីយកម្មនៃបច្ចេកវិទ្យា និងព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយ ដែលធ្វើឲ្យបណ្តាប្រជាជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគា្នយ៉ាងល្អប្រសើរ។
ឯកឧត្ដម ស្រី សួន បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ព្រមទាំងការអភិវឌ្ឍ ដោយបង្កើតឱ្យមាន ការកេងប្រវ័ញ្ច និងឧក្រិដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ»។
ឯកឧត្ដមបន្តថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ដែលក្នុងនោះកម្ពុជាក៏ជាប្រទេសមួយ ដែលបានបោះជំហានទៅមុខ ក្នុងការចូលរួមចំណែកសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។
សូមជម្រាបថា ក្រោយពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយ ឲ្យកាន់តែល្អប្រសើរ។
ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខី នៃសេចក្ដីថ្លែងការណ៍សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខា នៅឯកិច្ចប្រជុំកំពូលជាសកលនៅទីក្រុងអាប៊ុយដាប៊ីកាល ពីឆ្នាំ២០១៥។ សេចក្ដីថ្លែងការណ៍សកម្មភាព សកលនេះ បានបង្កើតយន្តការឆ្លើយតបថា្នក់ជាតិគំរូ ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់អ្នកពាក់ព័ន្ធនានា និងកំណត់នូវឧស្សាហកម្មពាក់ព័ន្ធធំៗនៅក្នុងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។ លើសពីនេះទៀត កម្ពុជាបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ (Pathfinding Country) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័ត លើសេចក្តីថ្លែងការណ៍អាស៊ាន ដែលអំពាវនាវឱ្យរដ្ឋជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ៕