បណ្ឌិត ហ៊ុន ម៉ាណែត៖ មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល។
ក្នុងឱកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣នោះគឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។
ទី១. សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។
ទី២. សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើសទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ, ការប្រកបអាជីពការងារ ឬធុរកិច្ច, ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិផងដែរ។
ទី៣. ជីវភាព គឺសំដៅដល់សុខភាព, គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការលើកកម្ពស់កម្រិតចំណូលសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែល្អប្រសើរ ហើយដែលធ្វើឱ្យសង្គមជាតិទាំងមូលកាន់តែពោរពេញដោយសេចក្តីសុខ និងភាពសុខដុមរមនាសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕