អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីស្តីពី កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានសហការជាមួយ The Chinese University of Hong Kong បានបើកវគ្គបណ្តុះបណ្តាលស្តីពី កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិនដល់បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអាជ្ញាធរជាតិអប្សរា។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះ គឺផ្តោតសំខាន់លើ ការសិក្សាពីកុលាលភាជន៍ក្នុងវិស័យបុរាណវិទ្យា,ការសិក្សាពីកុលាលភាជន៍ខ្មែរ និងការរកឃើញថ្មីៗ,ការផលិតនិងការប្រើប្រាស់កុលាលភាជន៍ខ្មែរ,កុលាលភាជន៍ចិន និងកុលាលភាជន៍ខ្មែរ,កុលាលភាជន៍ចិន និងអង្គរ,ការរកឃើញកុលាលភាជន៍អាស៊ីនៅក្នុងនាវាដែលលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។
ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ លោកស្រី Sharon Wong Wai-yee តំណាងសាកលវិទ្យាល័យចិនហុងកុងនឹងបង្ហាញពីអត្តសញ្ញាណកុលាលភាជន៍ក្នុងរាជវង្សចិននីមួយៗដល់សិក្ខាកាមដែរ ព្រោះដូចយើងបានដឹងរួចមកហើយ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬកំណាយសង្រ្គោះនៅក្នុងតំបន់អង្គរ បុរាណវិទូតែងតែប្រទះឃើញបំណែក ឬកុលាលភាជន៍ខ្មែរ និងចិននៅក្នុងស្រទាប់ដី។ បំណែក ឬកុលាលភាជន៍ដែលរកឃើញទាំងនេះ អាចនាំឱ្យអ្នកស្រាវជ្រាវអាចកំណត់អាយុកាលស្រទាប់ដី ឬរមណីយដ្ឋានបានមួយចំណែកធំដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យចិនហុងកុង ដើម្បីសិក្សាស្តីពីឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរនៅសម័យអង្គរ (ពីស.វ.ទី៩ដល់ស.វ.ទី១៤) និងសម័យក្រោយអង្គរ (ស.វ.ទី១៥ដល់ស.វ.ទី១៩) និងទំនាក់ទំនងរវាងអារ្យធម៌ខ្មែរ ជាមួយអារ្យធម៌ចិន៕