លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការ ដើម្បីពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកសាធារណៈ
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការ ដើម្បីពិនិត្យ វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកសាធារណៈ។
ក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងលើ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកការងារដីធ្លី បានធ្វើបទបង្ហាញ អំពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី ការដោះស្រាយបញ្ហាវិវាទដីធ្លី បញ្ហាប្រឈម និងទិសដៅការងារបន្ត និងជាបន្ត លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញ អំពីនីតិវិធី នៃការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអង្គប្រជុំជ្រាប។
បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ សមាជិក នៃអង្គប្រជុំ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការយឺតយ៉ាវក្នុងការចេញប័ណ្ណកម្មសិទ្ធិ ដែលបានវាស់វែងតាមបទបញ្ជា ០១(បប០១)។ ចំពោះបញ្ហាប្រឈមនេះ ត្រូវបាន លោកជំទាវអភិបាល និងជាប្រធានអង្គប្រជុំ បានថ្លែងជម្រាបថា មកត្រឹមពេលនេះ នៅក្នុងភូមិសាស្រ្តខេត្តទាំងមូល ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៤០ភូមិ មាន ២៨ ៩៣៩ក្បាលដី ទំហំ ៦៨ ១៧១.៧០ហិកតា ស្មើនឹង ១៧ ២៩០គ្រួសារ និងក្បាលដីកំពុងវាស់វែង និងត្រៀមចេញបន្ត ចំនួន ២៣ភូមិ មាន ១៥ ៤២១ក្បាលដី ទំហំ ១៤ ៦៣២.៨១ហិកតា ស្មើនឹង ៤ ០៨៧គ្រួសារ។ ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ មានបញ្ហាប្រឈមមួយចំនួន ដូចជា ការប្តឹងជំទាស់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការចេញប័ណ្ណ ទៅលើក្បាលដី ដែលបានវាស់វែងតាមបទបញ្ជា ០១(បប០១) នៅភូមិសាស្រ្តក្រុង និងស្រុកខ្លះ និងការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអ្នកកាន់កាប់ដីក្នុងដីទំហំ ៩ ៣០៦ហិកតា ដែលកន្លងមកបានកាត់ឆ្វៀលដើម្បីដោះស្រាយ គោលនយោបាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការគម្រោងវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន គ្រុប ស្ថិតនៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ។ល។
ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាល និងជាប្រធានអង្គប្រជុំ ជាផ្តល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្ត ឲ្យរដ្ឋបាលក្រុងខេមរភូមិន្ទ ធ្វើរបាយការណ៍ស្តីពីការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកក្នុងភូមិសាស្រ្ត ដើម្បីដាក់បញ្ជូលទៅរបៀបវារៈ នៃកិច្ចប្រជុំជាបន្តបន្ទាប់។ ដោយឡែកចំពោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តការចុះវាស់វែងកំណត់ព្រំ ត្រពាំង បឹង អាងស្តុកទឹកធម្មជាតិ។ល។ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើ ការចុះបញ្ជីដីរដ្ឋ ក្នុងគោលបំណង ធ្វើការបង្ការ ទប់ស្កាត់ ការទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិ នាពេលបច្ចុប្បន្ន និងអនាគត៕