លោក Xi បានដាក់សំណើបីចំណុចសម្រាប់ការដោះស្រាយសំណួរប៉ាឡេស្ទីនក្នុងកំឡុងពេលពិភាក្សា
ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញនូវសំណើ៣ចំណុច សម្រាប់ការដោះស្រាយសំណួរប៉ាឡេស្ទីន ក្នុងអំឡុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។លោក Xi បានសង្កត់ធ្ងន់ថា សំណួររបស់ប៉ាឡេស្ទីននៅតែមិនអាចដោះស្រាយបានអស់រយៈពេលជាងកន្លះសតវត្សមកហើយ ដែលបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីន។យុត្តិធម៌ត្រូវតែធ្វើឡើងចំពោះប៉ាឡេស្ទីនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
-លោកបានអោយដឹងថា ទីមួយ ដំណោះស្រាយជាមូលដ្ឋានស្ថិតនៅក្នុងការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន ដែលទទួលបានអធិបតេយ្យភាពពេញលេញ ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ និងជាមួយក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
-ទីពីរ តម្រូវការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប៉ាឡេស្ទីនគួរតែត្រូវបានបំពេញ ហើយសហគមន៍អន្តរជាតិត្រូវការបង្កើនជំនួយអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន។
-ទី៣ សំខាន់ត្រូវរក្សាទិសដៅត្រឹមត្រូវនៃការចរចាសន្តិភាព។
ស្ថានភាពប្រវត្តិសាស្ត្រនៃទីកន្លែងបរិសុទ្ធក្នុងក្រុងយេរូសាឡឹមគួរតែត្រូវបានគោរព ហើយពាក្យ និងសកម្មភាពហួសហេតុ និងញុះញង់គួរតែត្រូវបានជៀសវាង។លោកបាននិយាយថា សន្និសីទសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ មានសិទ្ធិអំណាច និងមានឥទ្ធិពលជាងនេះ គួរតែត្រូវបានកោះប្រជុំដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការចរចាសន្តិភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីជួយប៉ាឡេស្ទីន និងអ៊ីស្រាអែលរស់នៅដោយសន្តិភាព។
លោក Xi បានអោយដឹងថា “ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរតួជាវិជ្ជមានក្នុងការជួយប៉ាឡេស្ទីនក្នុងការសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង និងជំរុញកិច្ចចរចាសន្តិភាព”។
ប្រភពព័ត៌មាន:Xinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា