ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក ក្នុងស្រុកខ្សាច់កណ្ដាល
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក និងសមិទ្ធិផលនានា ស្ថិតក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល។
សមិទ្ធិផលថ្មីដែលបានបង្ហាញឱ្យឃើញនេះ គឺកើតចេញពីប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ លើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន ៕