នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកមកដល់កូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយប្រទេសជិតខាង
បរទេស៖ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរដែលមានសមត្ថភាពផ្ទុកកាំជ្រួច Tomahawk ប្រហែល ១៥០ គ្រាប់ទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបន្តការសាកល្បងមីស៊ីល។
ការមកដល់របស់ USS Michigan នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រភេទលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគីនាពេលថ្មីៗនេះស្តីពីការបង្កើន “ភាពមើលឃើញទៀងទាត់” នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង នេះបើយោងតាមកូរ៉េខាងត្បូង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការដាក់ពង្រាយ USS Michigan កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធលើការបង្កើនសមត្ថភាពប្រតិបត្តិការពិសេសរបស់ពួកគេ និងសមត្ថភាពរួមគ្នាក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលកំពុងកើនឡើង។
ក្រសួងការពារជាតិបានបន្តថា នាវាមុជទឹករបស់អាមេរិកបានមកដល់ទីក្រុងកំពង់ផែ ប៊ូសាន ភាគអាគ្នេយ៍ ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលដែលវានឹងស្នាក់នៅក្នុងដែនទឹកកូរ៉េខាងត្បូងនោះទេ។
USS Michigan គឺជានាវាមុជទឹកដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងបានឱ្យដឹងថា នាវាមុជទឹកប្រភេទ Ohio-class guided-missile អាចបំពាក់ដោយកាំជ្រួច Tomahawk ចំនួន ១៥០ គ្រាប់ ដែលមានរយៈចម្ងាយប្រហែល ១,៥៥០ ម៉ាយ និងមានសមត្ថភាពបាញ់បង្ហោះបេសកកម្មកងកម្លាំងពិសេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកសមយុទ្ធរបស់ពួកគេ ដើម្បីជាប្រតិកម្មទៅនឹងការបាញ់សាកល្បងមីស៊ីលដ៏ញុះញង់របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំមុន។
កូរ៉េខាងជើងបានអះអាងថា ខ្លួនត្រូវបានបង្ខំឱ្យបង្កើនសកម្មភាពសាកល្បង ដើម្បីដោះស្រាយសមយុទ្ធយោធាពង្រីករបស់គូប្រជែងរបស់ខ្លួន ដែលខ្លួនចាត់ទុកថាជាការហាត់សមឈ្លានពាន ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា ទីបំផុតកូរ៉េខាងជើងមានបំណងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន និងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការទូតជាយថាហេតុ។
នៅក្នុងខែមេសា បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានព្រមព្រៀងគ្នាថាសហរដ្ឋអាមេរិកនឹងបង្កើន ភាពមើលឃើញទៀងទាត់នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រចំពោះឧបទ្វីបកូរ៉េ។
លោក Biden ក៏បានបញ្ជាក់ដែរថា រាល់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទៅលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន នឹង នាំឱ្យរបបណាមួយត្រូវបញ្ចប់ ចាត់វិធានការបែបនេះ។
មេដឹកនាំទាំងពីរក៏បានប្រកាសពីជំហានផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់រួមគ្នា ដូចជាការចតនាវាមុជទឹកមីស៊ីលផ្លោងនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង តាមកាលកំណត់។ ពង្រឹងការហ្វឹកហាត់រួមគ្នា និងការបង្កើតក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរថ្មី។
លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានរិះគន់កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល Biden-Yoon ដោយបញ្ជាក់ថាពួកគេបានបង្ហាញពី ឆន្ទៈនៃសកម្មភាពអរិភាព និងឈ្លានពាន របស់ប្រទេសទាំងពីរប្រឆាំងនឹងកូរ៉េខាងជើង។
លោកស្រីបានគំរាមពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោកស្រីបន្ថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនភ្លាមៗ បន្ទាប់ពីខ្លួនបានប្តេជ្ញាឆ្លើយតបទៅនឹងសមយុទ្ធបាញ់កាំជ្រួចកូរ៉េខាងត្បូង-អាមេរិកដែលទើបតែបញ្ចប់នៅជិតព្រំដែនដែលមានការយាមកាមយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។
វាគឺជាការបាញ់បង្ហោះអាវុធដំបូងបង្អស់របស់កូរ៉េខាងជើង ចាប់តាំងពីវាបានព្យាយាមដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថីកាលពីចុងខែឧសភា។ ការបាញ់បង្ហោះបានបរាជ័យ ខណៈដែលគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្មបានធ្លាក់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមរុករកយោធាបានជួយសង្គ្រោះអ្វីដែលខ្លួនជឿថាជាផ្នែកមួយនៃគ្រាប់រ៉ុក្កែតកូរ៉េខាងជើងដែលបានធ្លាក់។
ក្រសួងបានបញ្ចេញរូបថតនៃស៊ីឡាំងដែកពណ៌ស ដែលអ្នកជំនាញខ្លះបានបញ្ជាក់ថាជាធុងប្រេងរបស់គ្រាប់រ៉ុក្កែត។
ប្រភព៖ Breaking News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]